Ahlop

ប្រណាំង​ម៉ូតូ​ រថយន្ត​​ឆ្លងកាត់​ឧបសគ្គ​​អាស៊ី​ដល់​ដី​ខ្មែរ​ថ្ងៃ​នេះ 

តាម​ការ​គ្រោង​ទុក​ការ​ប្រណាំង​រថយន្ត​ និង ​​​ម៉ូតូ ឆ្លង​កាត់​ឧបសគ្គ​អាស៊ី Asia Cross Country Rally ឆ្នាំ​២០១២ នឹង​ចូល​ដល់​​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​​​នៅ​ថ្ងៃ​នេះ ​ក្រោយ​ការ​ចេញ​ដំណើរ​ពី ប៉ាតាយ៉ា ប្រទេស​ថៃ​ កាល​ថ្ងៃ​ទី​១២​ សីហា ​ចុង​សប្ដាហ៍​មុន​នេះ។
ការ​ប្រកួត​នឹង​ ប្រណាំង​ឆ្លងកាត់​ផ្លូវ​ឧបសគ្គ​នៅ​កម្ពុជា​ជា​បន្ត​ទៀត និង​ត្រូវ​បញ្ចប់​នៅ​ក្រុង​អង្គរ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៦​សីហា​ស្អែក។
ការ ​ប្រកួត​​ដែល​មាន​រយៈ​ចម្ងាយ​សរុប​​១៦០០​គីឡូម៉ែត្រ​មួយ​នេះ មាន​​​កីឡាករ​មក​ពី​​ប្រទេស​ចំនួន​៦​​​ចូល​រួម​គឺ ជប៉ុន ថៃ កូរ៉េ ឥណ្ឌា តៃវ៉ាន់ និង​កម្ពុជា។ ​ម៉ូតូ​​ប្រណាំង​​ សរុប​ចំនួន​២០​គ្រឿង ខណៈ​ដែល​​កីឡាករ​កម្ពុជា​ចូល​រួម​៤​នាក់។ រី​រថយន្ត​ មាន​ចំនួន​​៨២​គ្រឿង ដែល​ប្រណាំង​ប្រជែង​តាម​​ភូមិសាស្ត្រ​ផ្លូវ​ និង ​បញ្ចប់​នៅ​​ទី​តាំង​​ជាមួយ​ម៉ូតូ​ដែរ។
ដោយ​ឡែក​​អ្នក​បើក​ម៉ូតូ​៤​នាក់ របស់​កម្ពុជា​ដែល​ចេញ​ដំណើរ​ទៅ​ចូល​រួម​​កាល​ថ្ងៃ​ទី​១០​សីហា នោះ កំពុង​តែ​ប្រកួត​ប្រជែង​យ៉ាង​ស្វិតស្វាញ​ជាមួយ បណ្ដា​កីឡាករ​អន្តរជាតិ​១៦​នាក់​ផ្សេង​ទៀត។ តាម​ការ​ដក​ស្រង់​សម្ដី​​លើ​គេហទំព័រ​ NOCC ​មន្ត្រី​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​លោក​ លន់ សាមឌី និយាយ​ថា “​​តាំង​ពី​ចាប់​ផ្ដើម​មក ក្រុម​យើង​មាន​សុវត្ថិភាព​និង​​ឈ្នះ​ដោយ​ដំណាក់​ខ្លះ​ដែរ។ វា​ជា​លើក​ដំបូង​ដែល​កម្ពុជា​យើង​ចូល​​រួម ហើយ​ កំណាត់​ផ្លូវ​ពី ប៉ាតាយ៉ា ​មក​ព្រំដែន​កម្ពុជា ជា​ផ្លូវ​ពិបាក ហើយ​កីឡាករ​ម្នាក់​ៗ​គឺ​ពឹង​លើ​ផែន​ទី​​​ដើម្បី​បើកបរ។ ជំនាញ​បើកបរ​វិញ​ យើង​មិន​ចាញ់​គេ​ទេ”។
នេះ​ជា​លើក​ទី​៣​​ហើយ​ ដែល​កម្មវិធី​ប្រណាំង​​ម៉ូតូ​និង​រថយន្ត​​ឆ្លងកាត់​ឧបសគ្គ​អាស៊ី បាន​បញ្ចប់​ដំណើរ​ប្រកួត​ប្រជែង​នៅ​កម្ពុជា។ កាល​​លើក​ដំបូង​គឺ​នៅ​ឆ្នាំ​ ​២០០០​ ខណៈ​​ដែល ឆ្នាំ​មុន ក៏​កម្មវិធី​មួយ​នេះ​​បាន​បញ្ចប់​យ៉ាង​ជោគជ័យ​ផង​ដែរ នៅ​ក្រុង​អង្គរ​ខេត្ត​សៀមរាប​៕








អង្គរក្ស ឬ​​ក៏​មហា​ផ្ទៃ គ្រង​ជើង​ឯក​រសៀល​នេះ? 

ក្រុម ​​បញ្ជា​ការដ្ឋាន​អង្គរក្ស​ ត្រូវ​ប្រឈម​មុខ​នឹង​ក្រុម​ ក្រសួង​ហា​ផ្ទៃ ​វេលា​ម៉ោង​​​៤​​រសៀល​នេះ ដើម្បី​កាត់​ក្ដី​ថា​នរណា​ ​នឹង​​ក្លាយ​ជា​​ជើង​ឯក​ពាន​រង្វាន់បាល់​ទះ Leo Cup National Volleyball 2012 ដែល​មាន​​ទឹក​ប្រាក់​៤​០លាន​រៀល
មុន ​ឡើង​មក​ពាក់​មុខ​ខ្លា​ដាក់​​គ្នា​ថ្ងៃ​នេះ ក្រុម​បញ្ជា​ការដ្ឋាន​អង្គរក្ស​ បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ​ដើម្បី​បញ្ចប់​​ដំណើរ​ក្រុម កង​ពល​ធំ​​អន្តរាគមន៍​លេខ​៣​ដោយ​លទ្ធផល​​៣​សិត​ទល់​១(​២៥ -​២២ ២៥-​២១ ២០ -​២៥​ និង​២៥ -​២២ ) ក្នុង វគ្គ​១/២ រសៀល​ថ្ងៃ​ទី​៣​សីហា​ ម្សិល​មិញ ។ ដោយ​ឡែក​ការ​ប្រឹងប្រែង​​ដើម្បី​ស្វែង​រក​ឱកាស​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ ​របស់​​ក្រុម សាលា​ខេត្ត​កំពង់​ចាម បាន​ត្រឹម​សូន្យ​ដូច​​ខ្យល់​​បន្ទាប់​​ពី​រង​ការ​បំបាក់​៣​សិត​​ជាប់​គ្នា ( ២៥-១៨ ២៥-១៩ ២៥-១២ ) ក្រោម​ថ្វី​ដៃ​ក្រុម​​ខ្លាំង​ ក្រសួង​មហាផ្ទៃ ​នោះ។
បញ្ជា​ការដ្ឋាន​អង្គរក្ស(បៃតង) និង​កង​ពល​​ធំ​អន្តរាគមន៍​លេខ​៣

សាលា​ខេត្ត​កំពង់​ចាម(ទឹក​ក្រូច) និង​ ក្រសួង​មហា​ផ្ទៃ
រី ​ឯ​​មួយ​ប្រកួត​ទៀត​នៅ​​រសៀល​នេះ​ដែរ គឺ​​រវាង​ក្រុម​ដែល​គ្មាន​សំណាង​រក​ជើង​ឯក​ សាលា​ខេត្ត​កំពង់​ចាម និង ​ក្រុម​​កង​​ធំ​អន្តរាគមន៍​លេខ​​៣។ ក្រុម​ទាំង​ទាំង​២​នេះ​នឹង​​ប្រជែង​គ្នា​យក​លេខ​៣ ​នៅ​​ប្រកួត​ទី​១​ពោល​ម៉ោង​២​រសៀល ខណៈ​​ប្រកួត​ជើង​ឯក​ម៉ោង​៤ ។ ការ​ប្រកួត​គឺ​នៅ Beeline Arena ដោយ​សំបុត្រ​​ចូល​ទស្សនា​​​១​សន្លឹក​២​ពាន់​រៀល​។ កម្មវិធី​ក៏​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ MyTV ផង​ដែរ​៕

No comments:

Post a Comment