Thursday, August 16, 2012

អាង សុនីតា តែ​ម្ដង​ចង់រាង…!

រោយ​បាន​ក្លាយ​ជា​តួឯក​តែ​មួយ​រឿង តារា​សម្ដែង​វ័យ​ក្មេង​កញ្ញា អាង សុនីតា ស្រាប់​តែ​ធ្លាក់​ពាក្យ​ថា “ចង់​រាង” ទៅ​ហើយ ព្រោះ​តែ​នាង​ហត់​នឿយ​ខ្លាំង​ពេក ទើប​លែង​ចង់​សម្ដែង​រឿង​តទៅ​ទៀត។
មុន ​ការ​អះអាង​បែប​នេះ ទស្សនិកជន​សម្គាល់​ឃើញ​ថា អាង សុនីតា បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​ឈឹង  ពិសេស គឺ​ក្រោយ​ពី​ខ្សែ​ភាពយន្ត​ភាគ​មួយ​រឿង​មាន​ចំណង​ជើង​ថា “ម្លប់​ឈើ​ផ្ដើម​ស្នេហ៍” ដែល​នាង​កញ្ឆក់​បាន​តំណែង​តួឯក​លើក​ដំបូង​ ត្រូវ​បាន​បញ្ចាំង​ចប់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ព័ត៌មាន។ បន្ទាប់​ពី​នោះ គេ​មិន​ឃើញ​នាង​បង្ហា​ញ​វត្តមានក្នុង​រឿង​ក្រោយៗ​ទៀ​ត​ទេ ដែល​នាំ​ឲ្យ​មហាជន​មាន​មន្ទិល​ថា នាង​មាន​ធុរៈ​អ្វី ឬ​កំពុង​មាន​បញ្ហា​អ្វី​ជាប់​ខ្លួន​បាន​ជា​បាត់​មុខ​ក្នុង​ពេល​ទីផ្សារ​ចាប់ ​ផ្ដើម​បើក​យ៉ាង​នេះ។
ជំនួប ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ Sabayថ្មី​ៗ​នេះ តារា​សម្ដែង​ អតីត​បវរកញ្ញា​ឯក​លេខ​៣ ប្រ៊ីដស្តុន រូប​នេះ ប្រាប់​ថា នាង​មិន​មាន​បញ្ហា​អ្វី​ទេ គ្រាន់​តែ​ហត់នឿយ​ខ្លាំង​ពេក​ជាមួយ​ការ​សម្ដែង ទើប​លៃ​ពេល​ចង់​សម្រាក​មួយ​រយៈ តែ​មិន​ឈប់​ពី​សិល្បៈ​ទេ។ អាង សុនីតា លើក​ឡើង​ថា “ខ្ញុំ​សម្ដែង​តែ​មួយ​រឿង​នេះ ពិបាក​ពេក​ទើប​ចង់​រាង រក​ពេល​សម្រាក​បន្តិច…”
សុនីតា បន្ថែម​ថា ភាពយន្ត​ដែល​នាង​សម្ដែង​ជា​តួឯក​លើក​ទី​មួយ​នោះ ផ្ដើម​ថត​ឡើង គឺ​ចាប់​ពី​ពាក់​កណ្តាល​រឿង​មុន​តែ​ម្ដង ធ្វើ​ឲ្យ​អត់​សូវ​យល់​សាច់​រឿង ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នាង​ពិបាក​សម្ដែង​មែន​ទែន គឺ​ពិបាក​ចូល​តួ ពិសេស​ឈុត​ដែល​នាង​យំ​ឱប​ថើប​គ្នា​ជាមួយ​តួឯក​ប្រុស រួម​ទាំង​ឈុត​យំ ក៏​នាង​​យំ​អត់​ចេញ​ទៀត។
ទោះ​ជា​បែប​ណា នាង​មិន​បាន​ទម្លាក់​កំហុស​ទៅ​លើ​ផលិតករ ឬ​អ្នក​ដឹកនាំ​រឿង​នោះ​ដែរ ព្រោះ​តែ​នាង​យ​ល់​បាន​ខ្លះ​ៗ​ថា ធម្ម​តា​សាច់​រឿង​ដែល​ថត​នៅ​ទីតាំង​មួយ ផលិតករ​ត្រូវ​ប្រមូល​ដក​សេកង់​(ប្លង់)រឿង មិន​ថា​នៅ​ភាគ​ណា​ទេ ត្រូវ​យក​មក​ថត​ឲ្យ​ចប់​នៅ​ទី​តាំង​មួយ​តែ​នោះ ទើប​ដូរ​ទៅ​ថត​នៅ​សេកង់​ថ្មី នៅ​ទី​តាំង​ថ្មី។ ប៉ុន្តែ មក​ពី​នាង​ខ្លួន​ឯង​យល់​ថា មិន​ទាន់​អាច​ស៊ូ​រួច​នា​ពេល​នេះ ទើប​ចង់​ដក​ឃ្លា​ឲ្យ​រាង​កាយ​ប្រសើរ​ឡើង​សិន​ដូច្នេះ។
រឿង ​ហត់ គឺ​ហត់​ហើយ តែ អាង សុនីតា ទទួល​ស្គាល់​ថា ខ្សែ​ភាពយន្ត​ដែល​នាង​សម្ដែង​ជា​តួឯក​លើក​ទី​មួយ​នេះ បាន​ស្ទួយ​កេរ្តិ៍​ឈ្មោះ​របស់​នាង ឲ្យ​មហាជន​មិន​តិច​ដែរ។ ដូច្នេះ​ហើយ ទើប​នាង​ក៏​មិន​បាន​តាំង​ចិត្ត​ឈប់​ទាំង​ស្រុង​តែ​ម្ដង​នោះ គឺ​គ្រាន់​តែ​មួយ​ខ្យល់ វិល​វិញ​ហើយ។ ទោះ​យ៉ាង​ណា អាង សុនីតា មិន​បាន​បញ្ជាក់​ថា ការ​ផ្អាក​នោះ មាន​រយៈ​ពេល​ប៉ុន្មាន ហើយ​ចូល​ពេល​ណា​ក៏​ទេ​ដែរ។
បន្ថែម​ពី​លើ​នេះ កញ្ញា អាង សុនីតា ក៏​ស្នើ​សុំ​ការ​អធ្យាស្រ័យ​ ចំពោះ​សំណើ​ក្រុម​ហ៊ុន​មួយ​ចំនួន​កន្លង​មក ឲ្យ​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​ឲ្យគេ​ តែ​នាង​អត់​បាន​ទៅ ព្រោះ​តែ​នាង​ជាប់​រវល់​កិច្ចការ​មួយ​ចំនួន។
តារា​​សម្តែង​វ័យ ១៩​ឆ្នាំ រូបនេះ កន្លង​មក ធ្លាប់​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា នាង​បាន​ភ្ជា​ប់​ពាក្យ​ជាមួយ​បុរស​ម្នាក់ ​​​តែ​ត្រូវ​គ្រួសារ​ខាង​ប្រុស​មិន​ពេញ​ចិត្ត។ លុះ​ក្រោយ​មក​ទៀត ស្រាប់​តែ​បែក​ធ្លាយ​ព័ត៌​មាន​ថា នាង​បាន​សាង​ស្នេហ៍​ជាមួយ​ថៅកែ​ស្ថានីយ​ប្រេង​មួយ​រូប ដែល​មាន​វ័យ​ជាង ៣០ឆ្នាំ ដែល​ពួកគេ​បាន​ទំនាក់​ទំនង​គ្នា​ជាង​ពីរ​ឆ្នាំ​មក​ហើយ។ ដូច្នេះ​ហើយ ក្នុង​ពេល​ដែល​ទើប​ចាប់​បាន​តំណែង​តួ​ឯក​តែ​ម្ដង ហើយ​ចង់​ឈប់​ដូច្នេះ អាង សុនីតា ពិបាក​ឲ្យ​ទស្សនិកជន​ជឿ​លើ​ហេតុផល​ខាង​លើ​ណា។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ស្រី​ស្រស់​ដី​ខេត្ត​ក្រចេះ​រូប​នេះ បដិសេធន៍​ថា នាង​គ្មាន​រឿង​ដូច​ព័ត៌មាន​លេច​ឮ​នោះ​ទេ។
អាង សុនីតា បាន​ចូល​ប្រឡូក​ក្នុង​វិស័​យ​សិល្បៈ តាំង​ពី​ឆ្នាំ​២០០៨ ក្រោ​យ​ពី​ប្រឡង​ជាប់​ជា​​កញ្ញា​ឯក ប្រ៊ីត​ស្តុន ចំណាត់​ថ្នាក់​លេខ​៣ ។ ក្នុង​រយៈ​ពេល​នេះ ក្រៅ​ពី​ថត​ស្ប៉ត និង​សម្ដែង​ខារ៉ាអូខេ​ជា​ច្រើន​បទ នាងបាន​​ចូល​រួម​សម្ដែង​​ក្នុង​ខ្សែ​វីដេអូ​​ជា​ច្រើន​រឿង​ដូច​ជា​ រឿង “សម្លាញ់” “កន្ទោ​ង​ផ្តាច់​​ព្រលឹង” “ផ្កា​រីក​ពេញ​រដូវ” “វិទ្យា​ល័យ​ខ្មោច” “ល្មម​ហើយ​លោក​ប្តី” និង​រឿង “ខ្មោច​ពោះ​ធំ” ជា​ដើម ប៉ុន្តែ​ក្នុង​នោះ​នាង​ចាប់​បាន​ត្រឹម​តែ​តួ​រាយរង​ លើក​លែង​តែ​រឿង “ម្លប់​ឈើ​ផ្ដើម​ស្នេហ៍”​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ដែល​នាង​បាន​ដើរ​ជា​តួឯក ខណៈ​នាង​បង្ហើប​ថា​ចង់​រាង​ទៅ​ហើយនេះ៕

No comments:

Post a Comment